កម្ពុជាបានធ្វើយុទ្ធនាការប្រឆាំងព័ត៌មានក្លែងក្លាយតាំងពីថ្ងៃទី១ ខែមេសា ឆ្នាំ២០២៥
ភ្នំពេញ៖កម្ពុជាបានធ្វើយុទ្ធនាការប្រឆាំងព័ត៌មានក្លែងក្លាយតាំងពីថ្ងៃទី១ ខែមេសា ឆ្នាំ២០២៥ ដើម្បីធានានូវសន្តិសុខព័ត៌មានជូនដល់សាធារណជន ជាពិសេសសុវត្ថិភាពព័ត៌មាន។ រហូតមកដល់ខែធ្នូ នេះ ខេត្តចំនួន ១៨ ហើយដែលបានរៀបចំយុទ្ធនាការនេះដើម្បីផ្លាស់ប្តូរឥរិយាបថសាធារណជនលើការប្រើប្រាស់បណ្តាញទំនាក់ទំនងសង្គម និងប្រុងប្រយ័ត្នខ្ពស់ចំពោះព័ត៌មានដែលបានចរាចរណ៍នៅលើបណ្តាញសង្គម ដោយពិនិត្យប្រភព ផ្ទៀងផ្ទាត់ឱ្យបានច្បាស់លាស់មុននឹងជឿ មុននឹងចែករំលែកបន្ត និងតាមដាន និងទទួលព័ត៌មានតែតាមប្រភពផ្លូវការ។ ខ្ញុំសូមចែករំលែកឡើងវិញនូវរូបភាពសកម្មភាពនៃយុទ្ធនាការនៅតាមបណ្តាខេត្តផ្សេងៗ។ ខ្ញុំសូមថ្លែងអំណរគុណចំពោះរដ្ឋបាលខេត្តរាជធានី មន្ទីរព័ត៌មានរាជធានីខេត្ត និងបងប្អូនប្រជាពលរដ្ឋដែលបានចូលរួមយ៉ាងសកម្មក្នុងយុទ្ធនាការនេះ និងបានចូលរួមទប់ស្កាត់ និងបង្ការព័ត៌មានក្លែងក្លាយ ព័ត៌មានបំភ័ន្ត ព័ត៌មានក្លែងបន្លំយ៉ាងច្រើននាពេលកន្លងមក និងបានកសាងជំនឿទុកចិត្តមកលើប្រព័ន្ធផ្សព្វផ្សាយ និងទទួលយកនូវប្រភពព័ត៌មានផ្លូវការ។
នេះរូបភាពនៃយុទ្ធនាការ «និយាយថាទេចំពោះព័ត៌មានក្លែងក្លាយ» ក្នុងខេត្តកណ្តាលសម្របសម្រួលដោយមន្ទីរព័ត៌មានខេត្ត ដោយមានការចូលរួមពីពលរដ្ឋ យុវជន អ្នកធ្វើការក្នុងវិស័យសេដ្ឋកិច្ចក្រៅប្រព័ន្ធ អាជ្ញាធរមូលដ្ឋាន បានធ្វើសកម្មភាពទ្រង់ទ្រាយធំនៅក្នុងក្រុងតាខ្មៅ ជាមួយ ការដង្ហែក្បួន បដា និងសកម្មភាពផ្សព្វផ្សាយលើដងផ្លូវសំខាន់ៗ សាលារៀន អគាររដ្ឋបាលក្នុងក្រុង ស្រុក អមដោយការចែកលិខិតបណ្ណ ជូនដល់សាធារណជន ដើម្បីលើកកម្ពស់ការយល់ដឹងរបស់សាធារណជន អំពីគ្រោះថ្នាក់ បញ្ជៀបការយល់ដឹងអំពីផលប៉ះពាល់ជាអវិជ្ជមាន ដោយព័ត៌មានក្លែងក្លាយ និងធានាសន្តិសុខព័ត៌មានសម្រាប់មនុស្សគ្រប់រូប។









No comments