Breaking News

រដ្ឋបាលរាជធានីភ្នំពេញ បន្តទទួលអំណោយពីសប្បុរសជនចំនួនជាង១ពាន់លានរៀល និងប្រាក់ដុល្លារជាង ៣៥ម៉ឺនដុល្លារ ដើម្បីបន្តយកទៅចែកជូន ដល់វីរកងទ័ពជួរមុខ និងពលរដ្ឋកំពុងជម្លៀសខ្លួន!!!

ដោយ :សារព័ត៌មានរស្មីក្រុងតាខ្មៅ-ញូស៍

‎ភ្នំពេញ៖​ គិត​ត្រឹម​ម៉ោង៦ល្ងាច​ ថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៥ រដ្ឋបាល​រាជធានី​ភ្នំពេញ ​បន្តទទួល​អំណោយពីសប្បុរសជននានានិងប្រជាពលរដ្ឋ មន្ត្រីរាជការក្នុងរាជធានីបានចំនួនជាង១ពាន់លានរៀល និងប្រាក់ដុល្លារជាង៣៥ម៉ឺនដុល្លារ ដើម្បីបន្តយកទៅចែកជូន ដល់វីរកងទ័ពជួរមុខ និងពលរដ្ឋកំពុងជម្លៀសខ្លួន ដោយជម្លោះប្រដាប់អាវុធ បង្កឡើងដោយទាហានថៃ ឈ្លានពានមកលើដែនអធិបតេយ្យភាពកម្ពុជា។

ការប្រគល់តាំងពីព្រឹករហូតដល់ល្ងាចថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៥នេះ ធ្វើឡើងក្រោមវត្តមាន ឯកឧត្ដម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ​ និងឯកឧត្ដម លោកជំទាវជាអភិបាលរងរាជធានីភ្នំពេញ ជាច្រើនរូបព្រមទាំង លោកនាយក លោកនាយករងលោកស្រីនាយិការង រដ្ឋបាលរាជធានីភ្នំពេញ នៅសាលារាជធានីភ្នំពេញ ។

តាមរយៈលោកស្រី​ ដោ សម្ផស្ស នាយិការងរដ្ឋបាលរាជធានីភ្នំពេញ និងជាអ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញបាន​ ឱ្យដឹងថា៖ ‎ គិត​ត្រឹម​ម៉ោង​ ១៨និង២៦នាទី ថ្ងៃទី៣១​ ខែកក្កដា ឆ្នាំ២០២៥ អំណោយដែលរដ្ឋបាល​រាជធានី​ភ្នំពេញ​បានពីសប្បុរសជននានា និងប្រជាពលរដ្ឋ មន្ត្រីរាជការក្នុងរាជធានីបានកើនឡើងដល់ចំនួន១.១៤១.៨២៥.៩១២​ រៀល​ និង៣៥១.៣៩២,០០​ ដុល្លារ​អាមេរិក​ ព្រមទាំងសម្ភារគ្រឿង​ឧបភោគ​បរិភោគ​ ថ្នាំ​ពេទ្យ​ សម្ភារ​ផ្សេងៗ​ជាច្រើនមុខ​ទៀត។ 

ក្នុងនោះលោកស្រី ដោ សម្ផស្ស បានគោរព​ថ្លែងអំណរគុណនូវ​ទឹកចិត្តសប្បុរសធម៌របស់បងប្អូន​ប្រជាពលរដ្ឋ​ ក្នុង​ស្មារតី​ខ្មែរ​ជួយ​ជាតិខ្មែរ​ ខណៈដែលលោកស្រី អ្នកនាំពាក្យសាលារាជធានីភ្នំពេញ ចាត់ទុកសកម្មភាពនេះ ជាការ បង្ហាញឱ្យឃើញពីស្មារតីស្នេហាជាតិជាធ្លុងមួយ របស់បងប្អូនប្រជាពលរដ្ឋកម្ពុជាទាំងអស់ នៅសមូរភូមិក្រោយ គាំទ្រនិងលើកទឹកចិត្ត ដល់វីរកងទ័ពជួរមុខ ដែលបាននឹងកំពុងខិតខំតស៊ូការពារបន្ទាត់ព្រំដែនកម្ពុជា-ថៃ ប្រកបដោយភាពក្លាហាន មុះមុត ប្រឆាំង នឹងសត្រូវឈ្លានពាន ក្រោមការដឹកនាំរបស់សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុន សែន អតីតនាយករដ្ឋមន្ត្រីនិងបន្តមកសម្តេចបវរមហាធិបតី ហ៊ុន ម៉ាណែត ជានាយកដ្ឋមន្ត្រីនាពេលបច្ចុប្បន្ន។

​លោកស្រី​ ដោ សម្ផស្ស បានឱ្យដឹងទៀតថា៖ សម្រាប់ខឿនការពារជាតិប្រជាជន បងប្អូនប្រជាពលរដ្ឋយើង បានចូលរួមយ៉ាងសស្រាក់សស្រាំ ជាមួយសាលារាជធានីភ្នំពេញ ដើម្បីជាកិច្ចឆ្លើយតប ជាមួយនឹងការលះបង់សាច់ស្រស់ ឈាមស្រស់ របស់វីរៈកងទ័ពជួរមុខ ក្នុងកិច្ចការពារបូរណភាពទឹកដីកម្ពុជា ពីចោលឈ្លានពានថៃ ជាមួយនឹងការចូលរួមរំលែក ការលំបាករបស់បងប្អូនប្រជាពលរដ្ឋ ដែលជាជនភាសឹក ដែលកំពុងតែជ្រូកកោន នៅតាមទីតាំងសុវត្ថិភាពនានា។ ទាំងអស់នេះគឺជាទឹកចិត្ត របស់បងប្អូនប្រជាពលរដ្ឋខ្មែរ ក្នុងស្មារតីសមមរភូមិក្រោយ ជួយសមរភូមិមុខ,ស្មារតីខ្មែរជួយខ្មែរ។ បងប្អូន​សប្បុរសជននានា និងប្រជាពលរដ្ឋ មន្ត្រីរាជការក្នុងរាជធានីអាច​បន្ត​ចូលរួម​បរិច្ចាគ​ជា​បន្តបន្ទាប់​ទៀត​ បានដោយរដ្ឋបាលរាជធានីភ្នំពេញ បានចាត់តាំងក្រុមការងារចាំទទួល សំភារៈនិងថវិកាតាមរយះQR Code។

​ឆ្លៀតក្នុងឱកាសនេះ ឯកឧត្ដម ឃួង ស្រេង អភិបាល​ នៃ​គណៈអភិបាល​រាជធានីភ្នំពេញ​បានថ្លែង​អំណរគុណ​​យ៉ាង​ជ្រាលជ្រៅ​បំផុត​ ចំពោះ​ទឹក​ចិត្ត​សប្បុរសជននាបងប្អូន​ប្រជាពលរដ្ឋ​ និងមន្ត្រីរាជការក្នុងរាជធានីដែលបាននិងកំពុង​ផុសផុល​ មកចូលរួម​ឧបត្ថម្ភ​ ដល់​វីរកងទ័ព​ជួរមុខ​ និង​ក្រុម​គ្រួសារ​ប្រជាពលរដ្ឋ​ ដែល​កំពុង​មកទីកន្លែង​សុវត្ថិភាព​ ដែលនេះពិតជាបានបង្ហាញ ពីសាមគ្គីភាពជាធ្លុងមួយ ​ខ្មែរ​ស្រលាញ់​ខ្មែរ​៕

ប្រភព៖ រដ្ឋបាលរាជធានីភ្នំពេញ




No comments